កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បន្ទប់​ជួលយីហោ​ ហេង​ ស៊ុនហេង នៅ​ក្រុង​បាវិត!

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០២ ខែ​មិថុនា​ ឆ្នាំ​២០២៦​ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពីលោក​ ហួត​ វិចិត្រ​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បន្ទប់​ជួលយីហោ​ ហេង​ ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ៧៣នាក់ ស្រី ៣១នាក់ (ជនជាតិ​វៀតណាម​ ៥៦នាក់​ ស្រី​ ២៣នាក់,​ ជនជាតិ​ចិន​ ១៣នាក់​ ស្រី​០៥នាក់​ និង​ជនជាតិ​ខ្មែរ​ ០៤នាក់​ ស្រី​ ០៣នាក់)។

ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​កុំព្យូទ័រ​យួរដៃ​ ,ម៉ូនី​ទ័រ​ ,ធុង​CPU​ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​។

Leave a Reply

Your email address will not be published. Required fields are marked *