ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាគណៈធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អង្គម្រេញ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ដែឡពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកអង្គស្នួល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់។

លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា៖ ព្រះសីលជោតិញាណ សឿង ធី ព្រះចៅអធិការវត្តពោធិ៍អង្គម្រេញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានខិតខំលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងកៀរគរធនធានថវិកា ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាងទ្រទ្រង់វត្ត រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃនេះ សរុបជាបច្ច័យកសាងជិត ៤០ ម៉ឺនដុល្លារ ។
មានប្រសាសន៍ក្នុងពិធីនេះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា-ណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត។
ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា៖សមិទ្ធផលទាំងនេះ មិនត្រឹមតែផ្ដល់ជាទីសេនាសនៈ ប្រគេនព្រះសង្ឃគង់អាស្រ័យ និងបំពេញសមណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាតឹកតាងបង្ហាញពីភាពរឹងមាំ និងកម្លាំងសាមគ្គីភាពដ៏ប្រពៃថ្លៃថ្លា ក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿង តទៅមុខជានិរន្តន៍។
